ពូកែថ្លឹងលើសពេក ទ្រាំលែងបានផ្ទុះការតវ៉ានិងបិទច្រកចេញ-ចូលស្ថានីយ៍ថ្លឹងរថយន្តកូនដំរី
ថ្ងៃពុធ ទី31 ខែមីនា ឆ្នាំ 2021 ម៉ោង 5:03 PM
ការពិពណ៌នា
បន្ទាយមានជ័យ÷ ក្រុមតៃកុងឡាន ប្រភេទធំ (វ៉េអង)ផ្ទុះការតវ៉ា បិទផ្លូវ នៅមុខស្ថានីយ៍ ថ្លឹងរថយន្ត កូនដំរី ឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិ កូនដំរី សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត នាព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។
តាមសម្តីពីក្រុមតៃកុងឡាន បានប្រាប់សារព័ត៌ មាន យើងឲ្យដឹងថា មូលហេតុដែលពួកគាត់នាំគ្នាយករថយន្តជាច្រើនគ្រឿង មកធ្វើការបិទ ច្រក ចេញ-ចូល ស្ថានីយ៍ថ្លឹងរថយន្តកូនដំរីនេះ ដោយសារតែស្ថានីយ៍មួយនេះ ជាច្រើនខែមកហើយ តែងតែធ្វើសុីពួកគាត់រហូត ទើបទ្រាំលែងបាន នាំគ្នាមកបិទផ្លូវឲ្យស្ថាប័នពាក់ព័ន្ធ ជួយធ្វើការដោះស្រាយបែបនេះ។ ពួកគាត់បន្តថា រាល់ទំនិញទាំងអស់ដែលពួកគាត់ដឹកជញ្ជួនរាល់ថ្ងៃទៅភ្នំពេញ ឬ ពីភ្នំពេញមកប៉ោយប៉ែត នៅតាមបណ្តាជញ្ជីងទាំងអស់គឺទំងន់ស្មើគ្នា ខុសតែជញ្ជីងកូនដំរីតែម្នាក់ឯងរហូត។ ក្រុមតៃកុងរថយន្តបានបន្ថែមទៀតថា ដំបូង រថយន្តរបស់ពួកគាត់ចូលថ្លឹងចេញលទ្ធផល ៤៥ តោន ហើយមន្រ្តីស្ថានីយ៍ថ្លឹងរថយន្តតម្រូវឲ្យពួកគាត់បង់លុយ ១លានរៀល តែក្រោយផ្ទុះការតវ៉ា ស្រាប់តែយករថយន្តទៅថ្លឹងម្តងទៀត ឃើញទំងន់ត្រូវបានថយចុះមកវិញត្រឹមតែ ៤៤ តោន ៣០០ គីឡូតែប៉ុណ្ណោះ ។
បញ្ហានេះត្រូវបាន ក្រុមតៃកុងរថយន្ត ហួសចិត្ត ហើយបានលើកឡើងថា ជញ្ជីងថ្លឹងរថយន្តកូនដំរីនេះ គឺសារ៉េ គីឡូដើម្បីធ្វើសុីពួកគាត់ និង ក្រុមឡានដឹកទំនិញធំៗដទៃទៀត ដើម្បីយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន បើមិនធ្វើការតវ៉ាទេ គឺមន្រ្ដីស្ថានីយថ្លឹងរថយន្តកូនដំរី នៅតែ ធ្វើសុីទំងន់ និង បង់លុយឲ្យមន្រ្តីស្ថានីយ៍ រហូតជាមិនខាន ទោះបីរថយន្តពួកគាត់ដឹកមិនលើសទំងន់ក៏ដោយ ។ ក្នុងនោះក្រុមតៃកុងរថយន្ត បានអំពាវនាវដល់រដ្ឋមន្រ្តីសារធារណៈ និង ដឹកជញ្ជូន មេត្តាជួយស៊ើបអង្កេតភាព មិនប្រក្រតីនេះផង កុំបណ្តែតបណ្តោយឲ្យមន្រ្តីស្ថានីយ៍ថ្លឹងរថយន្តកូនដំរីនេះ នៅតែបន្ត ធ្វើជា ត្រីងៀត ឆ្លៀតពង បែបនេះទៀតអី។
ជុំវិញរឿងរ៉ាវនេះប្រធានស្ថានីយ៍ថ្លឹងរថយន្តកូនដំរី សារព័ត៌មានយើង បានព្យាយាមអង្គុយរង់ចាំការបកស្រាយតាំងពីម៉ោង១២ ថ្ងៃត្រង់ រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ពេលជួបលោកសុំការបកស្រាយ លោកមិនអនុញាតឲ្យធ្វើបទសំភានស៍នោះតែ ដោយបានត្រឹមឆ្លើយយ៉ាងខ្លីថា នេះមកពីបញ្ហាជញ្ជីង ។ រីឯលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ មិនអាចសុំការបំភ្លឺបានទេ ដោយសារគ្មានលេខទូរស័ព្ទ៕