រដ្ឋបាលខេត្តក្រចេះ ប្រារព្ឋខួបលើកទី១១០ នៃទិវាសិទ្ធនារីអន្តរជាតិ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ ស្រ្តីនិងការអភិវឌ្ឍន៍ក្នុងបរិការណ៍ជម្ងឺកូវីដ-១៩
ថ្ងៃព្រហស្បតិ៍ ទី04 ខែមីនា ឆ្នាំ 2021 ម៉ោង 4:15 PM
ការពិពណ៌នា
ក្រចេះ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តក្រចេះបានប្រារព្វខួបលើកទី១១០ នៃទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ ស្រ្តីនិងការអភិវឌ្ឍន៍ក្នុងបរិការណ៍ជម្ងឺកូវីដ-១៩ ពិធីនេះមានកាអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ -ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ និងសមាគមនារី មន្រ្តីរាជការ កងកម្លាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ ជាស្រ្តីជាច្រើននាក់ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា ៖ ទិវា៨មីនាគឺជាទិវារំលឹកដល់ការលើកកម្ពស់ស្ត្រី ប៉ុន្តែមិនមានន័យថាស្ត្រីមានសិទ្ធិតែមួយថ្ងៃនោះទេ នៅប្រទេសកម្ពុជាស្ត្រីមានចំនួនច្រើនជាងបុរស ដូច្នេះការអភិវឌ្ឍប្រទេសជាតិ ត្រូវតែគិតគូរពីថាមពលរបស់ស្ត្រីឲ្យដូចជាបុរស ដូចប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានលើកឡើងថា ការជួយស្ត្រីគឺជួយខ្លួនឯង ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា៖ ផ្អែកលើមូលដ្ឋានសុខសន្តិភាពការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលជាបន្តបន្ទាប់ពិសេសកំពុងបន្តរ អនុវត្តដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល ក្នុងស្មារតីរួមកំណើនការងារសមធម៌និងប្រសិទ្ធភាពផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលបានដាក់ចេញក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី ក្មេងស្រីនិងក្រុមជនងាយរងគ្រោះ ជាវិស័យអទិភាពដាច់ដោយឡែក ក៏ដូចជាការងារក្នុងវិស័យអតិភាពដទៃទៀតផងដែរ ស្ត្រីគឺជាតួអង្ករួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានានូវប្រសិទ្ធភាពបរិយាប័ន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព ដូច្នេះសមភាពយេនឌ័រ គឺជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាពនិងកិច្ចការអភិវឌ្ឍន៍ ។
ការផ្ទុះឡើងនៃជំងឺកូវី១៩ នាចុងខែធ្នូឆ្នាំ២០១៩ បានបង្កឲ្យបណ្ដាប្រទេសនានាលើសកលលោក រួមទាំងប្រទេសកម្ពុជាផងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកសុខភាពសាធារណៈសេដ្ឋកិច្ចនិងសង្គមជំងឺកូវី១៩បានបង្កផលប៉ះពាល់ជាអវិជ្ជមានលើស្ថានភាពសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ។ ហើយស្ត្រីនិងក្មេងស្រីរងនូវផលប៉ះពាល់ខ្លាំងជាងបុរស និងក្មេងប្រុសទាំងភ្នែកសេដ្ឋកិច្ច ការអប់រំ អំពើហិង្សា ការរំលោភសេពសន្ថវៈ ការទទួលបានសេវាថែទាំសុខភាព ក្នុងនោះស្ត្រីជាមុខសញ្ញាចម្បងដែលអាចទទួលរងផលប៉ះពាល់មុនគេ ហើយផលពិបាកនេះដែលកើតចេញពីជម្ងឺកូវីត១៩ និងបង្កអោយមានវិសមភាពកាន់តែខ្លាំង។
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការនានា ដែលឆ្លើយតបនិងផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ ពិសេសគោលនយោបាយគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម (តាមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ )ក្នុងកំឡុងពេលកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះចំនួន៤ជុំ ការផ្ដល់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ការរៀបចំកម្មវិធីហិរញ្ញប្បទាន ពិសេសលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូចនិងមធ្យមជាដើម ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៍បានធ្វើការកោតសរសើរចំពោះមន្ត្រីកិច្ចការនារី អាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋដែលបានចូលរួមគ្រប់សកម្មភាព ក្នុងការលើកកម្ពស់សមភាពយេនឌ័រស្ត្រី ក្មេងស្រី និងក្រុមងាយរងគ្រោះដោយបានធ្វើការប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម គ្រឿងញៀន ការជួញដូរមនុស្ស ការរំលោភសេពសន្ធវៈ អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារដែលតែងតែចុះសួរសុខទុក្ខ និងនាំយកអំណោយជា(ឃីតជាកញ្ជាប់) ឬជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ជនរងគ្រោះ ។