ស្ត្រីសម្រាលកូន និងកំពុងត្រៀមសម្រាលកូនតូច ចំនួន ៣៩នាក់ នៅស្រុកកោះញែក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត
ថ្ងៃសុក្រ ទី26 ខែកុម្ភៈ ឆ្នាំ 2021 ម៉ោង 9:19 AM
ការពិពណ៌នា
មណ្ឌលគិរី៖
ដើម្បីគាំពារសុខភាពមាតា និងទារក លោកស្រី វិន ស៉ីធួន អនុប្រធានគណ:កម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ញើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ដល់ស្ត្រីសម្រាលកូន និងកំពុងត្រៀមសម្រាលកូនតូច ចំនួន ៣៩នាក់ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ក្រោមប្រធានបទ(បន្តផ្តល់សេវាគាំពារមាតា និងទារក ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវិដ-១៩) ដោយមានការចូលរួម ពីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីសាខា អនុសាខា យុវជនកាកបាទក្រហមកម្ពុជា ដែលប្រព្រឺត្តទៅ នៅអាគារសាលាស្រុកកោះញែក នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី វិន ស៊ីធួន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចដែលតែងតែគិតគូរ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ។ លោកស្រី វិន ស៊ីធួន មានប្រសាសន៍ថា ថ្វីត្បិតតែឆ្នាំ២០២០ កន្លងទៅ និងរហូតមកទល់ពេលនេះ ប្រទេសកម្ពុជាបានជួបនូវវិបត្តិនៃជំងឺកូវិដ-១៩ ពិតមែន ក៏ប្រជាជនទាំងអស់ រស់នៅជាធម្មតា តាមបែបកន្លងថ្មី ម្យ៉ាងវិញទៀត ដោយមានគោលនយោបាយគាំពាំសង្គមរបស់រាជរដ្ឋាភិបាល បានជួយដល់ប្រជាជនដែលងាយរងគ្រោះឱ្យទទួលបាននូវការឧបត្ថម្ភជីវភាពរស់នៅ ក្នុងកាលៈទេសៈដែលមានការយាយីរាតត្បាតដោយជំងឺកូវិដ-១៩ ហើយគោលនយោបាយសង្គមក៏បានពង្រឹង និងបន្តជួយដល់ក្មួយៗនារីទាំងអស់ដែលមានប័ណ្ណសមធម៌ កម្មការិនី ឱ្យទទួលបាននូវអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព ទទួលបាននូវការពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ទទួលរបបឧបត្ថម្ភមាតុភាព រួមចំណែកជួយឱ្យគ្រួសារនីមួយៗអាចរស់នៅជាប្រក្រតី។
លោកស្រី អនុប្រធានគណ:កម្មាធិការសាខា មានប្រសាសន៍បន្តថា ការងារចាំបាច់ដែលដែលយើងត្រូវរួមគ្នាធ្វើនោះ គឺធ្វើយ៉ាងណាឱ្យគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ទទួលបានការពិនិត្យថែទាំ ចាប់ពីពេលពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយ ត្រូវបន្តថែទាំសុខភាពទាំសុខភាពទាំងម្តាយទាំងកូនក្នុងអំឡុងពេល១ខែកន្លះ និងបន្តថែទាំសុខភាពទារករហូតដល់កូនមានអាយុពីរឆ្នាំ។
ជាមួយគ្នានេះ លោកស្រី អនុប្រធានគណ:កម្មាធិការសាខា ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវិដ-១៩ របស់ក្រសួងសុខាភិបាល ដោយត្រូវ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និងមិនត្រូវទៅកន្លែងដែលមានមនុស្សច្រើន កន្លែងបិទជិត គ្មានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នានៅពេលជួបគ្នា កុំចាប់ដៃ កុំកៀកស្មារ កុំឱបគ្នាជាដើម។