កិច្ចប្រជុំសាមញ្ញលើកទី ២០ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្ត
ថ្ងៃព្រហស្បតិ៍ ទី14 ខែមករា ឆ្នាំ 2021 ម៉ោង 12:08 PM
ការពិពណ៌នា
ខេត្តក្រចេះ
កិច្ចប្រជុំសាមញ្ញលើកទី ២០ អាណាត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត ដេលប្រព្រឹទ្ធឡើងនាព្រឹកថ្ងៃទី ១៣ មករា ២០២១ ។
ក្នុងកិច្ចប្រជុំមានរបៀបវារៈចំនួន ៤ ដែលត្រូវធ្វើការពិភាក្សា គឺ ៖ ១- ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅបន្តរបស់រដ្ឋបាលខេត្ត ៣-ពិនិត្យ និងអនុម័តកម្មវិធិវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ របស់រដ្ឋបាលខេត្ត និងទី៤-បញ្ហាផ្សេងៗ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ហឿ ស៊ីយ៉ែម ជាប្រធានអង្គប្រជុំ បានកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញការងារ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងឆាប់រហ័ស ទៅតាមវិស័យរបស់ខ្លួននីមួយៗ ជាពិសេសនេះគឺការការពារពីជម្ងឺកូវីដ-១៩ ដោយមានចូលរួមជាកម្លាំងពីគ្រប់មន្ទីរស្ថាប័ន អង្គភាព ក្នុងការផ្សព្វផ្សាយ និងណែនាំ ដល់មូលដ្ឋានប្រជាពលរដ្ឋ ក្នុងការបំផុសស្មារតីឲ្យបន្តពង្រឹងនូវការអនុវត្តវិធានការការពារអំពីជម្ងឺកូវីដ-១៩ កុំឲ្យឆ្លងរីករាលចូលដល់សហគមន៍ ម្យ៉ាងវិញទៀត ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តនិងស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបរិច្ចាកនូវថវិការផ្ទាល់ខ្លួនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ។
មានប្រសាសន៍បន្ថែមពីឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានកោតសរសើរ និងគាំទ្រនូវសកម្មភាពចូលរួមរបស់មន្រ្តីរាជាការ ព្រះសង្ឃ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងនិងអភិវឌ្ឍន៍ខេត្ត និងការចូលរួមទិញវ៉ាក់សាំងកាពារជម្ងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដែលនេះជាស្មារតីចូលរួមយ៉ាងធំធេង ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលក្នុងសងគមន៍កម្ពុជា.។