រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ សម្រាប់បម្រើអោយការបោះឆ្នោតអាណត្តិទី៥
ថ្ងៃចន្ទ ទី23 ខែវិច្ឆិកា ឆ្នាំ 2020 ម៉ោង 12:52 PM
ការពិពណ៌នា
ខេត្តក្រចេះ
នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា ២០២០ រដ្ឋបាលខេត្តក្រចេះដឹកនាំដោយឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ស្ដីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់ សម្រាប់បម្រើអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក្នុងគោលបំណងដើម្បីអោយប្រជាពលរដ្ឋនៅភូមិឆ្ងាយៗ ងាយស្រួលទទួលយក សេវាសាធារណៈ និងផ្តល់ផលប្រយោជន៍អោយប្រជាពលរដ្ឋ ដើម្បីអោយអាជ្ញាធរស្រួលគ្រប់គ្រង សុខសុវិត្តភាព និងអោយ ឃុំ ភូមិ នៅជិតគ្នាសហការគ្នាល្អ ហើយធ្វើការជាមួយគ្នាដើម្បីអោយប្រជាពរដ្ឋមានភាពរីកចម្រើន ។
មានប្រសាសន៍គូសបញ្ជាក់ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តបានអោយដឹងថា៖ តបតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញឲ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់រាជធានី-ខេត្ត ឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិត ឱ្យបានច្បាស់លាស់ អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ។
ឯកឧត្តម បន្តថា ៖ សម្រាប់ខេត្តក្រចេះ រដ្ឋបាលមូលដ្ឋានមួយចំនួន នៅពុំទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដូចជាព្រំប្រទល់ ភូមិ ឃុំសង្កាត់ និង ស្រុក ក្រុង ដែលធ្វើឲ្យជួបការលំបាកក្នុងគ្រប់គ្រង និង ការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា និង ពេលខ្លះបង្ករបញ្ហាទំនាស់ព្រំប្រទល់ពីភាពមិនច្បាស់លាសនេះផងដែរ ។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តឲ្យបាននូវលិខិតជំរាបជូនរបស់ក្រសួងមហាផ្ទៃឲ្យបានប្រសើរបំផុត ក្នុងការកណត់ព្រំប្រទល់ ដើម្បីជាមូលដ្ឋាន ក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួនដោយផ្អែកតាមកត្តាភូមិសាស្រ្ត និង ប្រជាសាស្រ្ត ស្របតាមគោលការណ៍ និង នីតិវិធីរួម សម្រាប់កាសិកស្សាស្រាវជ្រាវ កែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និង សង្គមទាំងមូល ។
អភិបាលខេត្តក្រចេះ បានក្រើនរំឮកដល់ អាជ្ញាធរដែនដី នៅគ្រប់មូល ដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួនលើការងារកំណត់ព្រំប្រទល់ភូមិសាស្រ្តឲ្យបានច្បាស់លាស់ ដើម្បីត្រៀមរៀបចំនូវផែន ការអភិវឌ្ឍន៍ ក្នុងមូលដ្ឋាននឲ្យកាន់តែប្រសើរឡើង ។