បុរសចំណាស់ម្នាក់ជានគរបាលបានដាច់ខ្យល់ស្លាប់ ក្រោយពីផឹកស្រាស្រវឹង
ថ្ងៃពុធ ទី27 ខែមីនា ឆ្នាំ 2019 ម៉ោង 5:11 PM
ការពិពណ៌នា
កំពង់ធំ ÷
បច្ចុប្បន្ននេះ ស្រាកំពុងតែនាំមុខក្នុងកម្មវិធីផ្សេងៗ ដែលយើងកំពុងតែគិតថាគឺជាការទទួលស្វាគមន៍ដ៏សមរម្យបំផុតនៅក្នុងគ្រប់កម្មវិធី និង ការជួបជុំមិត្តភក្កិ ។ ទស្សនៈផ្ទុយគ្នាមួយទៀតគឺ ស្រាក៏កំពុងតែបំផ្លាញនៃកិត្តិយស និងសុខភាពយ៉ាងធ្ងន់ធ្ងរផងដែរ ។
ជាក់ស្ដែងថ្ងៃទី ២៦.មីនា.២០១៩ មានបុរសវ័យចំណាស់ម្នាក់ឈ្មោះ ចាន់ វី ភេទ ប្រុស អាយុ៥៦ឆ្នាំ មុខរបរនគរបាល នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានដាច់ខ្យល់ស្លាប់ ក្រោយពីស្រវឹងជាច្រេីនថ្ងៃមិនបានពិសារបាយ ខណៈកំពុងនៅផ្ទះអ្នកដន្លង ក្នុងភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
បើយោងតាមអ្នកស្រី ភោគ ផេក ភេទស្រី អាយុ ៥៣ឆ្នាំ (ត្រូវជាអ្នកដន្លងរបស់ជនរងគ្រោះ) រស់នៅភូមិស្រម៉ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក បានរៀបរាប់ថា ជនរងគ្រោះឈ្មោះ ចាន់ វី ភេទប្រុស អាយុ ៥៦ឆ្នាំមុខរបរ នគរបាល រស់នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ
ត្រូវជាដន្លងនឹងគ្នា នៅថ្ងៃទី ១៥.មីនា.២០១៩ គាត់បានរៀបមង្គលការកូន ដន្លង គាត់មិនបានហូបបាយទេ ។ គាត់ផឹកស្រាស្រវឹងរហូត ហើយនៅថ្ងៃទី២៣.មីនា. ២០១៩ ពួកគាត់បានទៅ កាត់ចំណងដៃកូននៅឯផ្ទះរបស់អ្នកដន្លងគាត់ឯស្រុកសន្ទុក ។ អ្នកដន្លងរបស់គាត់ (ជនរងគ្រោះ) មិនបានហូបបាយទៀតទេ គឺផឹកតែស្រា ។
លុះដល់ម៉ោងប្រហែល ១២ថ្ងៃត្រង់ ថ្ងៃទី ២៤.មីនា. ២០១៩ ពួកនាងខ្ញុំបានជិះឡានត្រឡប់មកផ្ទះវិញ ហើយប្ដីនាងខ្ញុំបានដើរទៅដាស់អ្នកដន្លង ដែលកំពុងដេកលើរោងមុខផ្ទះថា៖ ដន្លងខ្ញុំលាទៅផ្ទះហើយ ពេលនោះដន្លងនាងខ្ញុំបានក្រោកពី ដេក ហើយរត់មកឡើងឡានជាមួយពួកខ្ញុំ កូនប្រសារខ្ញុំបានរត់មកទាញ ហើយនិយាយថា៖ ពុកមិនបាច់ទៅទេ គាត់មិនស្ដាប់ទេ ចាប់ឡានជាប់ ពេលនោះកូនប្រសារខ្ញុំបាននិយាយថា៖ ឲ្យគាត់ទៅក៏ទៅៗ ពុកនេះពិបាកណាស់ បើចង់ទៅណាហើយឃាត់មិនស្ដាប់ទេ ! ពួកខ្ញុំក៏នាំគាត់មកជាមួយ ដល់ផ្ទះនៅភូមិស្រម៉ ឃុំផាន់ញើម នៅវេលាម៉ោង១៣.៣០នាទី ដន្លងរបស់ខ្ញុំងូតទឹករួច មិនបានហូបបាយទេ គឺផឹកស្រា ជាមួយប្ដីនាងខ្ញុំទៀតរហូត ។ ហូបបាយបានតែ ២ ឬ ៣ ម៉ាត់ប៉ុណ្ណោះ ក្រៅពីនោះគឺផឹករហូត លុះនៅយប់ថ្ងៃទី ២៥.មីនា.២០១៩ វេលាម៉ោងប្រហែល ១៧.០០ គាត់នៅតែស្រវឹងស្រា ហើយដើរនិយាយពីនេះ ពីនោះរហូត ។ ដល់ម៉ោងប្រហែល ៣ទៀបភ្លឺថ្ងៃទី ២៦.មីនា.២០១៩ ទើបគាត់ឈប់និយាយ ហើយក៏ចូលសម្រាកទៅ ។ លុះដល់ម៉ោងប្រហែល ៦ព្រឹកនាងខ្ញុំបានឃើញគាត់សម្រាកនៅតូបមុខផ្ទះ មិនហ៊ានចូលដាស់គាត់ទេ ។ ហើយក៏ទៅទិញបបរមកទុកឲ្យគាត់ហូប ពេលត្រឡប់មកវិញម៉ោងប្រហែល ៦.៣០នាទី ប្ដីនាង ខ្ញុំបាននិយាយថា៖ ទៅទិញបបរយូរម្លេះ មកជួយមើលដន្លងផង ។ ពេលនោះ នាងខ្ញុំបានចូលមកមើល ហើយជួយធ្វើចលនាដង្ហើម តែគួឲ្យសោកស្ដាយខ្លាំងណាស់ គឺគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ពេលនោះទេីបនាំគ្នាផ្អេីលឆោឡោហេីយ កម្លាំងជំនាញស្រុក និងអាជ្ញាធរភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារ គាំងបេះដូងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។ សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕