ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គសិក្ខាសាលាស្ដីពីសមិទ្ធផល និងផែនការសកម្មភាពក្នុងការអនុវត្តនយោបាយសមភាពយេនឌ័រ
ថ្ងៃអង្គារ ទី26 ខែមីនា ឆ្នាំ 2019 ម៉ោង 9:59 PM
ការពិពណ៌នា
កំពង់ធំ:
ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំបានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គសិក្ខាសាលាស្ដីពីសមិទ្ធផល និងផែនការសកម្មភាពក្នុងការអនុវត្តនយោបាយ សមភាពយេនឌ័រ រួមទាំងមានការអញ្ជើញចូលរួមពីអស់លោកលោកស្រី មន្ទីរជុំវិញខេត្តកំពង់ធំ រួមទាំងខេត្តចំនួន ៥ គឺខេត្ត បាត់ដំបង កំពង់ឆ្នាំង កំពត កែប និងកំពង់ធំ បានអញ្ជើញចូលរួម។
លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានឡើងធ្វើសេចក្ដីរាយការណ៍ស្ដីពីការអភិវឌ្ឍរបស់សកម្មភាពយេនឌ័រ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា ដែលបានប្រសូត្រចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៨ ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងបន្តបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិ និង ប្រជាជនដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏វិសេសវិសាលនិងសម្បូរសប្បាយរុងរឿងជារៀងរហូត ។
ឯកឧត្តម ហួន វ៉ាន់និត បានលើកឡើងថា យេនឌ័រមានសារៈសំខាន់ណាស់
ការបញ្ជ្រាបយេនឌ័រទៅគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍជាតិពិតជាមានតម្លៃក្នុងការរួមចំណែកកសាងប្រទេសលើគ្រប់ផ្នែក គ្រប់វិស័យ និងការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ បានបង្កើតនិងការអភិវឌ្ឍន៍សមត្ថភាពក្រុមយេនឌ័រតាមក្រសួង និង ស្ថាប័នទាំង ២៨ លើសពីនេះយើងទាំងអស់គ្នាត្រូវចេះសហការ និងលើកទឹកចិត្តយេនឌ័រដោយមិនប្រកាន់ភេទ ដើម្បីធ្វើការអភិវឌ្ឍជាតិមាតុភូមិ។
ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា ការយកចិត្តទុកដាក់និងលើកស្ទួយតម្លៃស្ត្រីខ្មែរក្នុងសង្គម គឺជាការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ ជាពិសេសយើងត្រូវចេះឱ្យតម្លៃទៅលើស្ត្រីដែលជាដៃគូរធ្វើការងារយ៉ាងសកម្មដោយលុបបំបាត់រាល់ទស្សនៈឬក៏ការរើសអើងលើស្ត្រី សំដៅបង្កើនការចូលរួមក្នុងសកម្មភាពនានារបស់ស្ត្រីនៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិតាមរយៈការបន្តលើកកម្ពស់ សមត្ថភាព សមភាពយេនឌ័រ និង សិទ្ធិរបស់ស្ត្រី។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបានប្រារព្ធធ្វើចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2019 នេះ ៕