UPDATE : រថយន្តខ្នាតយក្ស ២១ គ្រឿងកំពុងសម្រុកចេញយ៉ាងកក្រើកលើផ្លូវជាតិលេខ៧ សង្ស័យដឹកឈើត្រូវបានព្រះរាជអាជ្ញា បញ្ជាឃាត់ដកប៉េសេ
ថ្ងៃចន្ទ ទី25 ខែមីនា ឆ្នាំ 2019 ម៉ោង 12:03 AM
ការពិពណ៌នា
វគ្គ II.
ក្រចេះ ៖
ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ លោក កែវ សុជាតិ បានដឹកនាំកម្លាំង សមត្ថកិច្ច និងព្រះរាជអាជ្ញារង ចំនួនបីរូប ដើម្បីត្រួតពិនិត្យរថយន្តដឹកឈើចំនួន ២១គ្រឿង និងដកហូតប៉េសេ (PC) យកមករក្សាទុកដើម្បីត្រួតពិនិត្យនៅព្រឹកស្អែកថ្ងៃទី ២៥ មីនា ដោយបង្កើតគណកម្មាការ ត្រួតពិនិត្យបន្ទាប់ពីរថយន្តវេអង ខ្នាតយក្សដឹកឈើទាំងនេះដឹកបន្តកន្ទុយគ្នាសម្រុកចេញពេញទំហឹងពីខេត្តស្ទឹងត្រែង មកដល់ខេត្តក្រចេះ កក្រើកមេឃរញ្ជួយដីលើកំណាត់ផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី កាលពីវេលាម៉ោង ១០.១០នាទី យប់ថ្ងៃទី ២៤ មីនា ២០១៩ ។
ក្នុងនោះសមត្ថកិច្ចនគរបាលនៃស្នងការខេត្តក្រចេះ កំពុងមមាញឹកក្នុងការត្រួតពិនិត្យរថយន្ត ២១គ្រឿង ដែលផ្ទុកឈើពេញៗដោយសហការជាមួយមន្តី្រជំនាញ នៅចំណុចកសាងឃុំចង្ក្រង់ ដែលគេអះអាងថា ជាឈើមានច្បាប់ ប៉េសេ របស់ក្រុមហ៊ុនមួយនៅបាតអាង ។
សមត្ថកិច្ចបានបន្តថា ការចុះត្រួតពិនិត្យនេះតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ដោយសង្ស័យថា ក្រែងឈើខុសច្បាប់លោតឆ័ត្រ និងលើសចំនួនកំណត់ ដោយដឹកនាំដោយព្រះរាជអជ្ញា ។
បើយោងតាមច្បាប់នៃការដឹកនិងផ្ទុកឈើ គឺរថយន្តមួយផ្ទុកត្រឹម ១៨ ម៉ែត្រគូប ហើយស្មើនឹងពាក់កណ្ដាលទ្រុង មិនមែនស្មើទ្រុង ឬ ក្រោមទ្រុងមួយចំអាមនោះទេ ។
បើយោងតាមប្រភពពីអ្នកជំនាញរដ្ឋបាលព្រៃឈើនៅបណ្ដាខេត្តផ្សេងបានប្រាប់ថា បើផ្ទុកនៅលើរថយន្តសល់ពីទ្រុង ១ម៉ែត្រ ឬ ១ម៉ែត្រកន្លះ គឺពិតត្រឹមត្រូវ ១៨ម៉ែត្រគូប ។ តែបើនៅសល់មួយចំអាមពីទ្រុង ស្មើ១៨ម៉ែត្រគុណនិង២ គឺមិនត្រឹមត្រូវទេ ។
សូមបញ្ជាក់ រថយន្តធុនយក្ស ២១គ្រឿងត្រូវឃាត់ជាបណ្ដោះអាសន្ននៅចង្ក្រង់រង់ចាំព្រឹកថ្ងៃទី ២៥ មីនា ទើបពិនិត្យ ៕