វាសនាអតីតប្រធានជញ្ជីង ០៣ ខេត្តត្រូវបានដកបញ្ឈជើង តែលោកប្រធានជញ្ជីងថ្លឹងមនុស្សនៅថ្នល់ទទឹងពិតជាសំណាងណាស់ មិនត្រូវបានរដ្ឋមន្រ្តីដកចោល
ថ្ងៃអាទិត្យ ទី24 ខែមីនា ឆ្នាំ 2019 ម៉ោង 2:56 PM
ការពិពណ៌នា
ខេត្តត្បូងឃ្មុំ:
ទោះបីជាលោករដ្ឋមន្រ្តីក្រសួងសាធារណៈការណ៍ ស៊ុន ចាន់ថុល បានដកប្រធានជញ្ជីងរហូតដល់ទៅបីខេត្តក្នុងពេលតែមួយ ដើម្បីទុកជាការព្រមានដល់មន្រ្តីជញ្ជីងផ្សេងៗទៀតយ៉ាងណាក៏ដោយ ក៏លោកប្រធានជញ្ជីងស្ថិតនៅចំនុចភូមិ ថ្នល់ទទឹង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មិនខ្លាចញញើតដែរ ។
ការដែលមិនខ្លាចថ្នាក់លើ និងមិនព្រមអនុវត្តតាមគោលការណ៍ថ្នាក់លើជារំលោភនិងកាតព្វកិច្ច មិនគោរពតួនាទីបាត់ទៅហើយ ជាក់ស្តែងណាស់ លោករដ្ឋមន្រ្តីល្បីរន្ទឺទូទាំងប្រទេស កាន់ក្រសួងណា ក្រសួងនោះរីកចម្រើនតាមរយៈកំណែទម្រង់ ៣៦០ដឺក្រេ លើទម្លាប់ចាស់ៗ ដែលមន្រ្តីឡេមឡឺមមួយចំនួនតែងតែលួចឆ្មក់ឱកាសកេងប្រវ័ញ្ច និង ធ្វើឯកសារខ្មោចបញ្ជូនទៅថ្នាក់លើជាដើម ។
តាមរយៈរូបភាពជាច្រើនដែលផ្តិតបានដោយក្រោមការងារពិសេសរបស់អង្គភាព ឦសានប៉ុស្តិ៍ នៅយប់ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៩ សង្កេតឃើញមានឡានយីឌុបធ្ងន់ៗប្រភេទយក្សដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ជញ្ជីង ហើយឈប់មិនចូលថ្លឹង ដោយមានតែតៃកុង និងព្រូ ចុះកាន់លុយរត់ចូលកន្លែងស្នាក់ការមន្រ្តីប្រចាំការ សង្ស័យថា យកទៅសែន ដើម្បីជាថ្នូរមិនចូលថ្លឹងឡានដើម្បីអនុវត្តតាមច្បាប់ ។
ចំណែកក្រុមមន្រ្តីប្រចាំការទាំងនោះ ក៏មិនបានកំណត់ឲ្យឡានធំៗចូលថ្លឹងក្នុងស្ថានីយ៍ជញ្ជីង ដើម្បីស្វែងរកកំរិតលើសទម្ងន់ដែលក្រសួងបានកំរិតឲ្យផ្ទុក ទំនងលោកមន្រ្តី ឬ ប្រធានជញ្ជីងទទួលបន្ទុកខ្លាចរដ្ឋបាលចំណូលច្រើន និងខ្លាចខូចជញ្ជីង កុំពិបាកទិញថ្មី ដែលរំខានដល់លោករដ្ឋមន្រ្តីគិតច្រើននាំឈឺក្បាលហើយមើលទៅ ។
ចំពោះបញ្ហានេះលោក ហ៊ាង សុធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនអាចសុំការបកស្រាយបានទេ ពាក់ព័ន្ធនឹងមន្រ្តីជញ្ជីង ដែលមិនអនុវត្តតាមគោលការណ៍ច្បាប់កំណត់ ដោយហៅទៅទូរស័ព្ទ 077 677 599 មិនអាចទាក់ទងបាន ។
ដោយឡែក ប្រធានមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ ទាក់ទងតាមលេខ 012 831 385 ចូលគ្មានអ្នកទទួល រីឯលោកប្រធានស្ថានីយ៍ថ្លឹងឡាននៅចំនុចខាងលើ មិនអាចសុំការពន្យល់បាននៅឡើយ ។
បញ្ហាអវិជ្ជមានកើតឡើងជាដំបៅរាប់សិបឆ្នាំនេះ សមល្មមនឹងលោករដ្ឋមន្រ្តីមេត្តាចាត់ការហើយ ព្រោះអី កំណាត់ផ្លូវជាតិលេខ៧ និងផ្លូវលេខ ១១ ដែលខូចខាតដោយសារបរិមាណផ្ទុកលើសកំរិត នាំឲ្យថវិការជាតិរលាយគ្មានបានផលត្រឡប់ ។ ដោយត្រឡប់ចូលតែហោប៉ៅលោកមន្រ្តីជញ្ជីង និងគូកនតែប៉ុណ្ណោះ ៕
ID.004
