រថយន្តវេអងដឹកដំឡូងឈើមួយគ្រឿងក្រឡាប់ផ្ងារជើងក្នុងស្រុកជាំក្សាន្ត
ថ្ងៃសុក្រ ទី15 ខែមីនា ឆ្នាំ 2019 ម៉ោង 9:39 AM
ការពិពណ៌នា
ខេត្តព្រះវិហារ ៖
រថយន្តវេអងពណ៌ខៀវ ១ គ្រឿងដឹកដំឡូងឈើពីលើទេវតាមិនជួយត្រូវអស់ល័ក្ខប្រាស់ខ្លួនដេកនូវតាមចិញ្ចើមផ្លូវយ៉ាងសង្ហារធ្វើអោយបាក់មុខសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្តខេត្តព្រះវិហារ ។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅព្រឹកថ្ងៃទី ១៤ ខែ មីនាឆ្នាំ ២០១៩ នៅត្រង់ចំនុចទួល ៤២ ចន្លោះបង្គោលគីឡូមែត្រ ២០៨.២០៩ ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៦២ ពីតំបន់ប្រាសាទព្រះវិហារ ទៅទីរួមខេត្ត ។
បើតាមកាអះអាងពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តខ្នាតយក្សគ្មានស្លាកលេខមួយគ្រឿងបើកពីចំនុចអូរជុញ ដែលផ្ទុកដំឡូងពេញប្រៀបបើកឆ្ពោះទៅខេត្តសៀមរាប ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ក្រឡាប់ធ្លាយពោះ ចេញមកសុទ្ធតែឈើ ។ បើតាមការឲ្យដឹងថា ឈើទាំងនោះឈ្មួញតែងតែដឹកនៅក្នុងរូបភាពបែបនេះ ដើម្បីយកទៅខេត្តសៀមរាប ហើយបន្តតាមដេប៉ូនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាតិខាងលើនេះ បានឃើញហេតុការណ៏នេះ ដោយពួកគាត់បានលើឡើងថា ចុះហេតុអី បានជាជំនាញរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រចាំការនៅតំបន់នោះ មិនដឹង ឬក៏ ត្រូវថ្នាំសណ្ដំ ពីឈ្មួញដឹកឈើទាំងនោះអស់ទៅហើយ ។
ម្យ៉ាងវិញទៀត ដោយក្រុមប្រជាពលរដ្ឋបានលើកឡើងផងដែរថា ចុះក្រោយពេលកើតហេតុម្តេច បានជាសមត្ថកិច្ចពាក់ព័ន្ធ ឬ ជំនាញបណ្តែតបណ្តោយអោយក្រុមឈ្មួញដោះយកក្បាលរថយន្តខាងលើនេះ ទៅដោយសុវត្ថិភាព មិនបានធ្វើការហាមឃាត់ឡើយ ។
ពាក់ព័ន្ធករណីខាងលើនេះ ឦសានប៉ុស្តិ៍កំពុងតែស្វែងរកប្រភព និង លេខទូរស័ព្ទសមត្ថកិច្ចពាក់ព័ន្ធឈរជើងនៅតំបន់នោះ ដើម្បីសុំការបំភ្លឺឲ្យបានជាក់លាក់នៅពេលក្រោយ ៕
ឦសានប៉ុស្តិ៍ ០០១


